វ៉ាស៊ីនតោន — អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃសុក្រម្សិលម៉ិញនេះ បានបដិសេធសំណើរបស់លោកខៀវ សំផន សុំពន្យារពេលជម្រះក្តីសំណុំរឿង០០២វគ្គ២រហូតទាល់តែតុលាការចេញសាលក្រមស្ថាពរចំពោះសំណុំរឿង០០២វគ្គទី១ជាមុនសិន។ ជនជាប់ចោទខៀវ សំផន ជាអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវប្រឈមមុខនឹងការជំនុំជម្រះទោសចំពោះសំណុំរឿងថ្មីបន្តនេះជាមួយនឹងជនជាប់ចោទម្នាក់ទៀតគឺលោកនួន ជា បងធំទីពីរនៃរបបតែមួយនេះ បញ្ជាក់ថា សិទ្ធិរបស់ខ្លួននឹងត្រូវប៉ះពាល់ ប្រសិនបើគេដំណើរការកាត់ទោសមុនសាលក្រមស្ថាពរសំណុំរឿង០០២វគ្គទី១ត្រូវប្រកាស។
